ការពិពណ៌នា
ពិធីបុណ្យវិសាខបូជា
ទីតាំង៖ នៅតាមវត្តអារាមនានាទូទាំងប្រទេស
ពិធីបុណ្យវិសាខបូជា ឬហៅម្យ៉ាងទៀតថា "បុណ្យព្រះពុទ្ធ" គឺជាពិធីបុណ្យដ៏មានសារៈសំខាន់បំផុតមួយសម្រាប់ពុទ្ធសាសនិកជននៅទូទាំងសកលលោក។ ថ្ងៃនេះគឺជាការរំលឹកដល់ព្រឹត្តិការណ៍ធំៗបីនៃព្រះសម្មាសម្ពុទ្ធ ព្រះសិទ្ធត្ថ គោតម គឺថ្ងៃដែលព្រះអង្គ ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន។ វិសាខបូជា គឺជាថ្ងៃសីលដ៏ខ្ពង់ខ្ពស់ដែលត្រូវបានប្រារព្ធឡើងតាមប្រពៃណីដោយពុទ្ធសាសនិកនៅក្នុងប្រទេសនេប៉ាល់ ស្រីលង្កា ទីបេ ប៊ូតង់ បង់ក្លាដែស ឥណ្ឌា និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ ថ្ងៃនេះត្រូវបានចាត់ទុកជាពេលវេលាដែលពុទ្ធសាសនិកសម្តែងនូវសេចក្តីដឹងគុណចំពោះព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានផ្តល់ពន្លឺសតិបញ្ញាដល់សិស្សគណជុំវិញពិភពលោក តាមរយៈព្រះធម៌ទូន្មានប្រៀនប្រដៅ។ គោលធម៌របស់ព្រះពុទ្ធត្រូវបានចាត់ទុកជាមគ្គុទ្ទេសក៍សម្រាប់ផ្លូវជីវិត ហើយពុទ្ធសាសនិកប្រារព្ធពិធីនេះតាមរយៈការរស់នៅប្រកបដោយធម៌ខ្ពង់ខ្ពស់ បង្ហាញនូវសេចក្តីសប្បុរស និងការនាំមកនូវសន្តិភាព និងសុខដុមរមនាដល់មនុស្សជាតិ។ ការប្រារព្ធពិធីវិសាខបូជា ក៏មានន័យថាជាការខិតខំប្រឹងប្រែងនាំមកនូវសេចក្តីសុខដល់អ្នកដែលខ្វះខាត រួមទាំងមនុស្សចាស់ និងជនពិការ តាមរយៈការបរិច្ចាគអាហារ ថវិកា ឬសម្ភារៈផ្សេងៗ។
សម្រាប់ពុទ្ធសាសនិកខ្មែរ ថ្ងៃបុណ្យវិសាខបូជាជាប្រពៃណីត្រូវបានចំណាយពេលនៅតាមវត្តអារាម ដើម្បីធ្វើការតាំងសមាធិ ស្មូត្រធម៌ និងស្ដាប់ព្រះសង្ឃសម្តែងធម៌ទេសនាអំពីពុទ្ធឱវាទ និងព្រះធម៌។ ពុទ្ធសាសនិកជាច្រើនក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដូចជា ចង្ហាន់ ទៀន ធូប និងផ្កាភ្ញី ដើម្បីប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាមផងដែរ។ អ្នកនឹងបានឃើញទិដ្ឋភាពនៃការដង្ហែរបស់ព្រះសង្ឃ អមដោយពុទ្ធសាសនិកគ្រប់វ័យ ដែលក្នុងដៃមានកាន់ទៀន ធូប និងផ្កាឈូក។ ការដង្ហែនេះគឺជានិមិត្តរូបនៃការថ្វាយនូវសេចក្តីគោរពបូជាចំពោះព្រះសម្មាសម្ពុទ្ធ។ ព្រះសង្ឃរាប់រយអង្គមកពីវត្តនានាទូទាំងប្រទេស ក៏ត្រូវបាននិមន្តមកក្នុងពិធីរាប់បាតនេះដែរ ព្រោះវាត្រូវបានគេជឿថាជាវិធីដែលប្រជាជនអាចសន្សំបុណ្យកុសលសម្រាប់ជាតិខ្មែរ ក៏ដូចជាជាតិមុខ។ ដោយសារព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ថ្ងៃបុណ្យវិសាខបូជាតែងតែត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល រួមជាមួយពុទ្ធសាសនិកយ៉ាងច្រើនកុះករ។
ពិធីរាប់បាតក្នុងទិវាវិសាខបូជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
ជាធម្មតា វិសាខបូជាត្រូវបានប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មី (១៥កើត) ខែវិសាខ តាមប្រតិទិនពុទ្ធសាសនា ព្រោះវាជាថ្ងៃតំណាងឱ្យព្រឹត្តិការណ៍ដ៏សក្តិសិទ្ធិទាំងបី ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន។ កាលបរិច្ឆេទនៃពិធីបុណ្យនេះអាចមានការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែជាទូទៅតែងតែប្រារព្ធឡើងនៅក្នុងចន្លោះខែមេសា ឬខែឧសភា។
សម្រង់ពាក្យពេចន៍បំផុសគំនិតមួយចំនួនពីព្រះសម្មាសម្ពុទ្ធ
-
ចិត្តគឺជាអ្វីៗគ្រប់យ៉ាង។ អ្វីដែលអ្នកគិត អ្នកនឹងក្លាយជាបែបនោះ៖ យើងត្រូវបានបង្កើតឡើងដោយគំនិតរបស់យើង យើងក្លាយជាអ្វីដែលយើងគិត។ នៅពេលដែលចិត្តស្អាតស្អំ សេចក្តីសុខនឹងតាមមកជាប់ខ្លួន ដូចជាស្រមោលដែលមិនដែលបោះបង់ម្ចាស់។
-
កុំជាប់ជំពាក់នឹងអតីតកាល កុំយល់សប្តិពីអនាគត៖ ចូរផ្ដោតអារម្មណ៍ និងដាក់ចិត្តរបស់អ្នកឱ្យនៅជាមួយខណៈបច្ចុប្បន្ន។
-
របស់បីយ៉ាងដែលមិនអាចលាក់បាំងបានយូរគឺ៖ ព្រះអាទិត្យ ព្រះច័ន្ទ និងសេចក្តីពិត។
-
រូបអ្នកផ្ទាល់ ក៏ដូចជាអ្នកដទៃទៀតនៅក្នុងសកលលោកទាំងមូលដែរ៖ អ្នកពិតជាសមនឹងទទួលបានក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ពីខ្លួនឯង។
-
ទៀនរាប់ពាន់ដើមអាចអុជបន្តពីទៀនតែមួយដើម ហើយអាយុកាលនៃទៀននោះក៏មិនខ្លីទៅណាដែរ៖ សេចក្តីសុខមិនដែលថយចុះឡើយតាមរយៈការចែករំលែក។
-
គ្មាននរណាម្នាក់ជួយសង្គ្រោះយើងបានក្រៅពីខ្លួនយើងឡើយ៖ គ្មាននរណាម្នាក់អាចធ្វើបាន ហើយក៏គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យធ្វើជំនួសដែរ។ យើងត្រូវតែដើរលើផ្លូវនោះដោយខ្លួនឯង។
-
សន្តិភាពកើតចេញពីខាងក្នុង៖ កុំស្វែងរកវានៅខាងក្រៅខ្លួនឡើយ។
-
កុំរៀនត្រឹមតែការតបត៖ ប៉ុន្តែត្រូវរៀនពីរបៀបឆ្លើយតបដោយបញ្ញា។
-
សុខភាពគឺជាអំណោយដ៏អស្ចារ្យបំផុត៖ សេចក្តីសន្តោសត្រេកអរគឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុត ហើយភាពស្មោះត្រង់គឺជាទំនាក់ទំនងដ៏ល្អបំផុត។
-
ការរក្សារាងកាយឱ្យមានសុខភាពល្អគឺជាកាតព្វកិច្ច៖ បើមិនដូច្នេះទេ យើងនឹងមិនអាចរក្សាចិត្តរបស់យើងឱ្យរឹងមាំ និងភ្លឺស្វាងបានឡើយ។
-
អ្នកនឹងមិនត្រូវបានគេដាក់ទោស "ដោយសារ" កំហឹងរបស់អ្នកឡើយ៖ ប៉ុន្តែអ្នកនឹងត្រូវបានដាក់ទោស "ដោយ" កំហឹងរបស់អ្នកផ្ទាល់។
-
ពាក្យដែលមានន័យខ្លឹមសារតែមួយម៉ាត់ដែលនាំមកនូវសន្តិភាព៖ ប្រសើរជាងពាក្យរាប់ពាន់ម៉ាត់ដែលគ្មានប្រយោជន៍។
From $75.00
per adultAdult x 3
10:30 AM
Free cancellation. Cancel anytime before 3 days for full refund.