ការប្រកាសអាសន្នពីការហក់ឡើងនៃកម្ពស់ទឹក និងការបើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយ
យោងតាមការធ្វើបច្ចុប្បន្នភាពអាកាសធាតុរបស់នាយកដ្ឋានឧតុនិយមថៃកាលពីថ្ងៃសៅរ៍បានឱ្យដឹងថា វិសម្ពាធតំបន់គ្រហឹម (Tropical Depression) កម្រិត២ នៅភាគកណ្តាលនៃប្រទេសវៀតណាម បានថយឥទ្ធិពលមកជាសម្ពាធទាបសកម្ម (Active Low-pressure) កម្រិត១ នៅលើទឹកដីនៃប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះដែរ ខេត្តកំពតត្រូវបានដាក់ក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ខណៈដែលគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងសងខាងព្រែកកំពង់បាយ ឱ្យមានការប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃការកើតមានទឹកជំនន់ ដោយសារក្រុមហ៊ុនវារីអគ្គិសនីកំចាយគ្រោងនឹងបើកទ្វារទឹកដើម្បីបញ្ចេញទឹកពីទំនប់កំចាយ។
យោងតាមការប្រកាសព័ត៌មាន កម្ពស់ទឹកក្នុងទំនប់កំចាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:០០ ព្រឹក មានកម្ពស់ ១៤៨.៨៩ ម៉ែត្រ ជាមួយនឹងលំហូរទឹកចូលអាងក្នុងល្បឿន ៧៣៦.៥០ ម៉ែត្រគូបក្នុងមួយវិនាទី។ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វារបញ្ចេញទឹកពីទំនប់សន្សឹមៗក្នុងពេលឆាប់ៗនេះ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។

ការបើកទ្វារទឹកនេះ អាចនឹងបង្កឱ្យមានទឹកជំនន់នៅតាមតំបន់ដែលស្ថិតនៅផ្នែកខាងក្រោម (Downstream)។ ចំណែកឯការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) ក៏បានព្យាករណ៍ថា នឹងមានការធ្លាក់ភ្លៀងផ្គររន្ទះនៅទូទាំងប្រទេសសម្រាប់ថ្ងៃនេះ និងថ្ងៃច័ន្ទ។
ក្រសួងបានព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ត្រូវបានរំពឹងទុក ហើយនឹងបន្តធ្លាក់ក្នុងតំបន់ដែលមានពណ៌សម្គាល់។ ចំណែកឯកម្ពស់រលកសមុទ្រមានកម្ពស់ចាប់ពី ១.៥ ម៉ែត្រ ទៅ ២.០ ម៉ែត្រ។