បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
បុណ្យចូលឆ្នាំថ្មី គឺជាពិធីបុណ្យដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីសម័យអង្គរមកម្ល៉េះ ដែលភស្តុតាងនេះត្រូវបានរកឃើញតាមរយៈចម្លាក់នៅលើជញ្ជាំងប្រាសាទ។ នេះគឺជាពេលវេលាដើម្បីបញ្ចប់ឆ្នាំចាស់ និងទទួលស្វាគមន៍ឆ្នាំថ្មី តាមក្បួនតម្រាចន្ទគតិខ្មែរ។ វាក៏ជាពេលវេលាដែលកសិករនៅកម្ពុជាប្រមូលផលរួចរាល់ និងរីករាយជាមួយពេលវេលាសម្រាក មុនពេលរដូវវស្សាចាប់ផ្តើមចូលមកដល់។
ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជាផ្លូវការទូទាំងប្រទេសរយៈពេលបីថ្ងៃ ហើយក្នុងឆ្នាំនេះ ការអបអរសាទរនឹងចាប់ផ្តើមនៅថ្ងៃទី១៤។ ថ្ងៃទីមួយហៅថា មហាសង្ក្រាន្ត ថ្ងៃទីពីរហៅថា វារៈវ័នបត និងថ្ងៃទីបីហៅថា វារៈឡើងស័ក។ ឆ្នាំនីមួយៗត្រូវបានតំណាងដោយសត្វមួយ (ក្នុងចំណោមសត្វទាំង ១២ នៃរាសីចក្រ) ដែលជាសត្វពាហនៈរបស់ទេវតាឆ្នាំថ្មី។ នៅថ្ងៃមហាសង្ក្រាន្ត ប្រជាជនខ្មែរជឿថាមានការផ្លាស់ប្តូរទេវតាដែលចុះមកថែរក្សាភពផែនដី។ ក្នុងឆ្នាំនេះ ទេវតាឆ្នាំថ្មីនឹងយាងចុះមកដោយគង់លើសត្វពពែជាពាហនៈ។ ប្រជាជនខ្មែរតែងរៀបចំតុដង្វាយដែលមានម្ហូបអាហារ ផ្លែឈើតាមរដូវ និងភេសជ្ជៈ ដើម្បីទទួលស្វាគមន៍ និងសុំពរជ័យពីទេវតាឆ្នាំថ្មី។

ប្រជាជនកម្ពុជាធ្វើដំណើរច្រើនបំផុតក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។ រាជធានីភ្នំពេញប្រែជាស្ងប់ស្ងាត់ ដោយសារអ្នករស់នៅភាគច្រើនបានត្រឡប់ទៅស្រុកកំណើតនៅតាមខេត្ត។ តាមប្រពៃណី យើងតែងតែទៅវត្តយ៉ាងហោចណាស់ឱ្យបានមួយវត្ត (ប៉ុន្តែបីវត្តគឺល្អបំផុត!) ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ។ យើងជឿថាផលបុណ្យនឹងត្រូវបញ្ជូនទៅកាន់បុព្វបុរសដែលបានចែកឋានតាមរយៈអំពើល្អនេះ។ បន្ទាប់ពីកិច្ចពិធីបួងសួង និងការរាប់បាត្រនៅវត្តក្នុងពេលព្រឹក យុវជនខ្មែរតែងអបអរសាទរឱកាសនេះដោយការលេងជះទឹក ការរាំលេងតាមតន្ត្រីប្រជាប្រិយ និងការលេងល្បែងប្រជាប្រិយផ្សេងៗ។ វាក៏ជាឱកាសដ៏កម្រសម្រាប់យុវជនក្នុងការស្វែងយល់ចិត្តគ្នាជាសាធារណៈ ហើយក៏ជាពេលដែលឪពុកម្តាយសម្លឹងរកគូស្រករឱ្យកូនៗរបស់ពួកគេផងដែរ (ដែលជារឿងនៅតែមានអនុវត្តរហូតដល់សព្វថ្ងៃ)។
ថ្ងៃនីមួយៗក៏ត្រូវបានកត់សម្គាល់ដោយការជួបជុំពិសាអាហារ ភេសជ្ជៈ និងការសួរសុខទុក្ខមិត្តភក្តិ។ សម្លេងតន្ត្រី និងការជជែកគ្នាលេងរហូតដល់យប់ជ្រៅគឺជារឿងធម្មតា ដោយសារសាច់ញាតិព្យាយាមប៉ះប៉ូវពេលវេលាដែលបានបាត់បង់ ព្រោះមិនបានជួបគ្នាពេញមួយឆ្នាំ ឬយូរជាងនេះ។
ប្រសិនបើអ្នកនៅសៀមរាបក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងលានជល់ដំរី។ ក្នុងនោះមានការប្រគំតន្ត្រី ពិព័រណ៍ពាណិជ្ជកម្ម និងល្បែងប្រជាប្រិយ ព្រមទាំងការរាំលេងកម្សាន្ត។ សូមត្រៀមខ្លួនសម្រាប់ហ្វូងមនុស្សដ៏ច្រើនកុះករ ព្រោះកាលពីឆ្នាំមុនមានអ្នកចូលរួមប្រហែល ៣៨០,០០០ នាក់ ហើយរំពឹងថានឹងកើនឡើងជិត ៥០០,០០០ នាក់ក្នុងឆ្នាំនេះ។
យើងក៏មានការរាប់ថយក្រោយ (Countdown) ឆ្នាំថ្មីតាមបែបខ្មែរផងដែរ។ ជំនួសឱ្យការអបអរសាទរដោយការផឹកស៊ី និងរាំលេងភ្លាមៗ យើងតែងអុជធូប និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តីសម្រាប់ឆ្នាំថ្មី (ការសប្បាយនឹងមាននៅពេលក្រោយ!)។ ទូរទស្សន៍ និងវិទ្យុនឹងផ្សាយព្រឹត្តិការណ៍រាប់ថយក្រោយ ជាមួយនឹងព័ត៌មានលម្អិតអំពីទេវតាឆ្នាំថ្មី និងរាសីសម្រាប់ឆ្នាំកំណើតរបស់មនុស្សម្នាក់ៗ ក៏ដូចជាជោគជតារាសីរបស់ព្រះរាជាណាចក្រក្រោមបារមីទេវតាថ្មី។