ឯកឧត្តម ហួត ហាក់ រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាដើរពិភពលោក” ក្រោមប្រធានបទ “ដើរដើម្បីសន្តិភាព” នៅខេត្តកំពង់ចាម
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាដើរពិភពលោក” ក្រោមប្រធានបទ “ដើរដើម្បីសន្តិភាព”។ ព្រឹត្តិការណ៍នេះមានគោលបំណងរួមចំណែកជំរុញកំណើនទេសចរណ៍ក្នុងអំឡុង “រដូវកាលបៃតង” (Green Season) ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តកំពង់ចាម ជាពិសេសដើម្បីបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាមានសន្តិភាពពេញលេញ មានឯកភាពជាតិរឹងមាំ និងមានសុខដុមរមនានៅទូទាំងប្រទេស។
ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ចាម ព្រះសង្ឃចំនួន ២៥០អង្គ អ្នកឧកញ៉ា ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងសាធារណជន សរុបប្រមាណ ៦,០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ បានបង្ហាញឱ្យឃើញនូវតម្លៃដ៏មហាសាល និងមិនអាចកាត់ថ្លៃបាននៃសន្តិភាព ឯកភាពជាតិ ស្មារតីសាមគ្គីភាព សុភមង្គល និងការរស់នៅជាមួយគ្នាដោយសុខសាន្ត ដែលសម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបត្យករកំពូល និងជាអ្នកអនុវត្តដ៏ឆ្នើមនៃនយោបាយ ឈ្នះ-ឈ្នះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា សន្តិភាពនេះត្រូវបានបន្តថែរក្សា និងពូនជ្រំយ៉ាងល្អប្រសើរក្រោមការដឹកនាំប្រកបដោយសមត្ថភាព ការសម្រេចចិត្តខ្ពស់ និងភាពជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់បន្ថែមថា ព្រឹត្តិការណ៍ទេសចរណ៍កីឡាមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍ ព្រមទាំងរួមចំណែកបង្កើតនូវសន្ទុះថ្មី ដែលធ្វើឱ្យផលិតផលទេសចរណ៍កាន់តែមានភាពសំបូរបែប និងទាក់ទាញ តាមរយៈការធ្វើពិពិធកម្មសកម្មភាពទេសចរណ៍កីឡា។
ខេត្តកំពង់ចាម ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥